សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា បានសហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) រៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងអនុលោមភាពរបស់ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ» នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ព្រមទាំងលោកស្រី ប៊ុន សុវ៉ាត់ឌី ប្រធានសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា
កម្មវិធីនេះក៏មានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ២ រូប រួមមាន លោក ធី ស៊ាងហោ (តំណាងក្រុមហ៊ុន កូម៉ូធី ឯ.ក) និងលោក សំ វាសនា (តំណាងក្រុមហ៊ុន វ៉ាយ.អេ.អាយ ត្រេឌីង ឯ.ក) ព្រមទាំងសមាជិកនៃសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា ប្រធានក្រុមបឹ្រក្សាភិបាល អភិបាល នាយកប្រតិបត្តិ និងតំណាងនៃក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទ អាជីវកម្មមូលបត្រ ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ស្ថាប័នពាក់ព័ន្ធ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការអនុវត្តអនុលោមភាពក្នុងវិស័យឧបករណ៍និស្សន្ទ ជាពិសេសសម្រាប់ថ្នាក់ដឹកនាំ បុគ្គលិកជាន់ខ្ពស់ បុគ្គលិកជំនាញផ្នែកច្បាប់ និងភ្នាក់ងារជើងសាឧបករណ៍និស្សន្ទដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. ព្រមទាំងស្ថាប័នពាក់ព័ន្ធ និងសាធារណជន ឱ្យកាន់តែយល់ច្បាស់អំពីកាតព្វកិច្ច និងបទប្បញ្ញត្តិជាធរមាន។






